មាត្រា ២៨. នៅពេលយប់ ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំងចុះអ័ព្ទឬឆ្លងកាត់ផ្លូវក្នុងរូង អ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ភ្លើងសញ្ញាតាមល័ក្ខខ័ណ្ឌ ដូចខាងក្រោមៈ ១-ក្នុងករណីកំពុងប្រើប្រាស់យានយន្តៈ ក-ភ្លើងហ្វា : នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។ ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គីសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវ ដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។ ខ-ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោមៈ -នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គីសនីបំភ្លឺតាមផ្លូវ -នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គីសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹងជៀសយានមួយផ្សេងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត។ -នៅពេលថ្ងៃកាលណាមើលមិនសូវច្បាស់ដោយអាកាសធាតុមិនល្អ ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ -ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភ្លឺតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅពេលថ្ងៃ។ គ-ភ្លើងទីតាំងៈ នៅពេលយប់ ក្នុងទីប្រជុំជនយានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត បើសិនជាទ្រូងផ្លូវ មានពន្លឺភ្លើងអគ្គីសនីគ្រប់គ្រាន់ភ្លើងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាននិង ទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។ ឃ-ភ្លើងផ្សេងៗ : នៅពេលយប់ ឬនៅពេលថ្ងៃដៃលមានអាកាសធាតុមិនល្អ មិនអាចមើលទៅមុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ : -ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ -ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់អោយគេមើលសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ -ភ្លើងទទឺងយានៈ បង្ហាញទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត -ភ្លើងសញ្ញាប្តូទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូទិសទៅឆ្វេង ឬទៅស្តាំ -ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ -ភ្លើងស្តុបៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាន នៅពេលជាន់ ឬចាប់ហ្វ្រាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន -ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺតដោយមូលហេតុអូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវ ក្រៅទីប្រជំជនដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។ -ភ្លងចុះអ័ព្វៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន។ ២-ក្នុងករណីឈប់ ឬចតត្រូវប្រើៈ -ភ្លើងទីតាំងៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខ ដឹងពីវត្តមាន និងទំហំទទឺងយាន -ភ្លើងក្រហមៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដែលមកពីខាងក្រោយដឹង ពីវត្តមានយាន និងទំហំទទឹងយាន -ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់អោយគេមើលលេខសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ ៣- ក្នុងករណីរថយន្តត្រូវខូចគាំងនៅលើទ្រូងផ្លូវ ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ ត្រូវប្រើភ្លើងសញ្ញាអាសន្ន ឬសញ្ញាត្រីកោណដាក់ចំងាយ ៣០ម៉ែត្រពីក្រោយរថយន្ត។ មាត្រា ២៩. ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោមៈ ១-ការប្រើប្រាស់សញ្ញាសូរស័ព្ទ "ស៊ីផ្លេ" ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថ្ងៃដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។ ២-នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។ ៣-សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយះពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។ ៤-ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា។ ៥-នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វា ឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។ ៦-ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គីភ័យយានសង្គ្រោះ របស់មន្ទីពេទ្យដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេស បានគ្រប់ពេលវេលា។ ៧-ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីពេទ្យ។ មាត្រា ៣០. ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោមៈ នៅពេលកំពុងបំពេញភាកិច្ច អ្នកបើកបរយានមានសិទ្ធិអាទីភាពខាងលើនេះអាចបើកបរៈ -បញ្រាស់ទិសនៅលើផ្លូវឯកទិស -នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម -ក្នុងល្បឿនមិនកំណត់ -ដោយមានសិទ្ធិអាទីភាពលើផ្លូវប្រសព្វ -កាត់ ឬជាន់ខ្សែគំនូសបង្ហូតជាប់។ មាត្រា ៣១. ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវហាមឃាត់។ |